គ្រោះរាំងស្ងួតខ្សោះខ្យល់ និងអាកាសធាតុក្តៅហែងពីបាតុភូតរលកកម្តៅ El Nino បានបង្កឱ្យខ្វះស្បឿងនិងទឹក និងបានបំផ្លាញដំណាំទូទាំងតំបន់អាស៊ី ហើយឥឡូវនេះក្រុមអ្នកជំនាញព្រមានអំពីលទ្ធភាពទឺកជំនន់បង្កឡើងដោយប្អូនស្រីរបស់ El Nino គឺរលកត្រជាក់ La Nina។
បាតុភូត El Nino ដែលបានចាប់ផ្តើមកាលពីឆ្នាំមុនគឺជាបាតុភូតរលកកម្តៅដ៏ក្តៅបំផុតមិនធ្លាប់មាន ដោយបណ្តាលឱ្យទន្លេមេគង្គស្រកចុះទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយបង្កឱ្យមានចលាចលទាក់ទងស្បឿងអាហារនៅក្នុងប្រទេសហ្វីលីពីន និង បានជះរលកកម្តៅរយៈពេលរាប់ខែនៅទូទាំងតំបន់ ជាមួយនឹងអាកាសធាតុជាមធ្យម ៤០ អង្សា។
ស្ថាប័ន IHS Global Insight បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការខាតបង់សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍អាចកើនដល់ ១០ ពាន់លានដុល្លារ។
កម្តៅក្នុងតំបន់ត្រូវបានរំពឹងថានឹងអស់នៅត្រឹមពាក់កណ្តាលឆ្នាំនេះ ប៉ុន្តែក្តីបារម្ភកំពុងមានខ្លាំងឡើងថា បាតុភូតរលកត្រជាក់ដ៏ខ្លាំងនេះនឹងធ្វើដំណើរតាមពីក្រោយ។ បាតុភូតនេះអាចនាំមកនូវភ្លៀងខ្លាំងជោគជាំមកកាន់តំបន់ងាយរងគ្រោះទឹកជំនន់ ដោយបំផ្លាញកសិកម្ម និងបណ្តាលឱ្យដំណាំទាំងឡាយងាយរងគ្រោះដោយសារជំងឺ និងសត្វល្អិតចង្រៃ។
លោក Stephen O'Brien អគ្គលេខាធិការរង UN ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជំនួយសង្គ្រោះបាននិយាយក្នុងសប្តាហ៍នេះថា "ស្ថានភាពនេះអាចរឹតតែអាក្រក់ឡើងប្រសិនបើព្រឹត្តិការណ៍ La Nina ដែលជារឿយៗកើតក្រោយ El Nino វាយប្រហារនៅចុងឆ្នាំនេះ"។
លោកបាននិយាយថា El Nino បានបណ្តាលឱ្យមនុស្ស ៦០ លាននាក់ជុំវិញពិភពលោកត្រូវការ "ជំនួយបន្ទាន់" រួចមកហើយ ជាពិសេសនៅតំបន់អាហ្វ្រិក៕
អត្តបទ:ប្លែកឆដា
អត្តបទ:ប្លែកឆដា