ទើបតែរើទ្រនំពីផលិតកម្មថោន មកផលិតកម្មយក្សរស្មីហង្សមាស មិនទាន់បានប៉ុន្មានផង តារាចម្រៀងសំនៀងតម្អូញតម្អែរ សុគន្ធ នីសា បានពើបប្រទះនឹងរឿងស៊យមហាស៊យមួយ ដែលធ្វើឱ្យនាងមានការហួសចិត្តឥតឧបមា ដោយសារតែភាពធ្វេសប្រហែសរបស់នាង ។

ថ្មីៗនេះ តារាដែលជាប់ឈ្មោះខាងចូលចិត្តរើទ្រនំ សុគន្ធ នីសា បានជួបរឿងស៊យដែលមិននឹកស្មានដល់ ព្រោះតែនាងត្រូវបានគេបោចទាញយកនាឡិការដៃដ៏មានតម្លៃពីរគ្រឿងបន្តបន្ទាប់គ្នា នៅពេលស្វាគមន៍អ្នកគាំទ្រដោយការចាប់ដៃរាក់ទាក់នៅលើឆាកតន្ត្រីកន្លងមក ។

បើតាមព័ត៌មានទទួលបាន បានឱ្យដឹងថា នៅពេលដែលនាងចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រី ហើយពេលកំពុងច្រៀង នាងបានលូកដៃចាប់ដៃអ្នកគាំទ្រ ហើយក៏ត្រូវបានអ្នកគាំទ្រ ទាញបោចនាឡិកាដៃរបស់នាង ដែលមានតម្លៃថ្លៃអស់ចំនួន ២ គ្រឿង ធ្វើឲ្យនាងហួសចិត្តនិយាយលែងចង់ចេញ ។

បើតាមសម្តីអ្នកកៀកជិតនឹង សុគន្ធ និសា បាននិយាយថា លើកទី ១ នីសា គិតថា ជារឿងចៃដន្យ ដែលកើតរឿងបែបនេះឡើង ព្រោះមានមនុស្សច្រើនមិនបានប្រយ័ត្ន ប៉ុន្តែដល់ពេលលើកទី ២ ទើបនាងគិតថាមិនមែនជារឿងចៃដន្យទៀតទេ ព្រោះកើតឡើងដដែលៗ ហើយនាឡិកាដែលគេបេះយកបាត់នោះក៏មានតម្លៃថ្លៃគួរសមដែរ ដូច្នេះធ្វើឱ្យនាងរៀងលែងហ៊ានពាក់នាឡិកាថ្លៃឡើងឆាកទៀត ។
ទោះបីជាតារាចម្រៀង សុគន្ធ នីសា ត្រូវបានគេបោចបេះយកនាឡិកាដៃអស់ចំនួន ២ គ្រឿងយ៉ាងណាក្ដី ប៉ុន្តែនាងមិនបានកើតទុក្ខ ឬ សោកស្តាយអ្វីធំដុំឡើយ នាងនៅតែបន្តចាប់ដៃអ្នកគាំទ្រដូចសព្វមួយដងដដែល ដោយមិនប្រកាន់ពីបទពិសោធនៃការបាត់បង់របស់ពីកន្លងមកទេ ។ ម្យ៉ាងដោយសារនាងក៏ជាតារាចម្រៀងម្នាក់ពោរពេញដោយភាពរួសរាយរាក់ទាក់ផងនោះ រឹតតែធ្វើឱ្យនាងលែងខ្វល់ពីការបាត់បង់នោះទៅទៀត ៕

អត្ថបទ:ប្លែកឆដា