រាជធានីភ្នំពេញ៖ ឧកញ៉ា ឌួង ឆាយ បានប្រកាសរកអត្តសញ្ញាណបុរសម្នាក់បីអោបកូនស្រី បង្ហោះលើ Facebook ដែលអះអាងថា ក្មេងស្រីនោះមានកើតជំងឺរលាកខួរក្បាលកម្រិតធ្ងន់ ដោយពិការទាំងដៃជើង និងបានបាត់បង់សតិផងនោះ ខណៈលោកផ្ញើសារទៅបុរសខាងលើ តែមិនឃើញតបមកវិញ។
យោងតាមទំព័រ Facebook របស់ឧកញ៉ា ឌួង ឆាយ នៅថ្ងៃនេះបានសរសេរថា៖ " បងប្អូនណាស្គាល់គាត់សូមអោយគាត់ទាក់ទងមកជំនួយការខ្ញុំ 015486666 ពីព្រោះខ្ញុំផ្ញើសារទៅគាត់អត់ឃើញតបមកវិញសោះ"។

ខាងក្រោមនេះ ជាសម្ដីទាំងស្រុងរបស់បុរសខាងលើ បានសរសរបង្ហោះលើ Facebook របស់ខ្លួន៖
"ថ្ងៃនេះជាថ្ងៃខួបកំណើតគម្រប់វ័យ៤ឆ្នាំ របស់កូនស្រីសំណព្វចិត្តរបស់ខ្ញុំ។ សូមរំលឹកឡើងវិញដែរថា កូនស្រី តីតី កំសត់មួយនេះស្គាល់ការសប្បាយ ប្រឡែង សើចក្អាកក្អាយត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ គឺពេលដែល តីតី មានអាយុ ១ឆ្នាំ ៧ខែ តីតី ក៏ចាប់ឈឺ កើតជម្ងឺរលាគខួរក្បាលកំរឹតធ្ងន់ ដែលគ្រប់រាងកាយទាំងអស់ គឺត្រូវពិការ ទាំងដៃជើង ទាំងភ្នែក ទាំងមាត់មិនអាចនិយាយបាន ត្រចៀកមិនអាចស្តាប់ឮ សតិក៏បាត់បង់ សូម្បីតែញ៉ាំក៏មិនអាចបញ្ជាមាត់អោយទំពារបាន ដោយត្រូវសុងទុយោចូលក្នុងក្រពះ ដើម្បីបញ្ជូនអាហារជារៀងរាល់ថ្ងៃ។
ជួបរឿងដ៏សង្វែកនេះ ធ្វើអោយខ្ញុំមានទុក្ខក្រៃលែងដូចបាត់បង់កែវភ្នែកទាំងគូរអញ្ជឹងដែរ។ រហូតមកទល់ពេលនេះ គឺ២ឆ្នាំ ៥ខែហើយ ដែល តីតី មិនទាន់ដឹងខ្លួន ។ តីតី អាចយំ ពេលឃ្លាន រឺ ពេលមិនស្រួលក្នុងខ្លួន។ តីតី អាចបើកភ្នែក ពេលភ្ញាក់ពីគេងតែមិនអាចមើលឃើញ។ ពេលខ្លះខ្ញុំក៏មិនច្បាស់ដែរថា តើ តីតី ដឹងឬអត់ រាល់ពេលខ្ញុំថើប និងថ្នាក់ថ្នមលួងលោមអោយគេង ? ប៉ាសូមបួងសួង និង តែងតែប្រាថ្នាថា នឹងមានរឿងអច្ឆរិយកើតមកលើរូប តីតី កូនស្រីសំណព្វរបស់ប៉ា អោយដឹងខ្លួនឡើងវិញនៅថ្ងៃណាមួយជាក់ជាមិនខាន ដើម្បីមកប្រឡែងលេងជាមួយប៉ាដូចកាលពីមុន ព្រោះប៉ានឹកកូនខ្លាំងណាស់ គ្មានមួយថ្ងៃណាដែលប៉ាមិននឹកដល់កូនឡើយ"។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះវីដេអូមួយលើទំព័រ Facebook របស់លោកផងដែរ ដោយចែករំលែកពីបទពិសោធន៍ជំងឺខួរក្បាល ដែលកូនប្រុសលោកបានឆ្លងកាត់យ៉ាងលំបាកវេទនាជាទីបំផុត ដល់សាធារណៈជនទាំង និងជាពិសេស លោកបានផ្ដាំផ្ញើឲ្យមានប្រុងប្រយ័ត្ន កុំឲ្យមានជនរងគ្រោះដោយសារជំងឺខួរក្បាលនេះ នៅក្នុងប្រទេសកម្ពុជាតទៅទៀត៕

អត្ថបទ:ប្លែកឆដា